ឯកឧត្តម អ៊ុច បូររិទ្ធ បានអនុញ្ញាតឱ្យតំណាងក្រុមប្រឹក្សាអង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍កូរ៉េ ប្រចាំនៅកម្ពុជា ដឹកនាំដោយឯកឧត្តម គីម ចេងយុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ចុង ហូលី (Jung-ho Lee) ប្រធានក្រុមប្រឹក្សាអង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍កូរ៉េ ប្រចាំនៅកម្ពុជា ដឹកនាំដោយឯកឧត្តម គីម ចេងយុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម KIM Chang Yong និងគណៈប្រតិភូ និងបានរំលឹកពីប្រវត្តិដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានស្តីទី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបានរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី គឺជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងបានលើកឡើងថា ដោយទំហំនៃកិច្ចសហប្រតិបត្តិការកម្ពុជា សាធារណរដ្ឋកូរ៉េ ជាច្រើនវិស័យនាពេលបច្ចុប្បន្ន មានការរីកចម្រើនលឿន វាជាការល្អប្រសើរណាស់ ប្រសិនបើយើងជំរុញ ឬតម្លើងទំនាក់ទំនងជាមិត្តភាពរបស់ប្រទេសយើងទាំងពីរ ពីកម្រិត «ដៃគូយុទ្ធសាស្ត្រ» ទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលនឹងឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅ។
នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េ ដែលបាន និងកំពុងប្រតិបត្តិការយ៉ាងសកម្មនៅកម្ពុជា លើវិស័យជាច្រើន ដូចជាអប់រំ សុខាភិបាល ទឹកស្អាត សង្គមកិច្ច កសិកម្ម និងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានកត់សំគាល់ ជាមួយនឹងការពេញចិត្តចំពោះទឹកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េទាំងអស់នៅកម្ពុជា  ដោយសង្កត់ធ្ងន់ថា វត្តមានរបស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េនៅកម្ពុជាក៏ជាសក្ខីភាពបង្ហាញពីការរឹតចំណងមិត្តភាពកាន់តែល្អប្រសើររវាងកូរ៉េ និងកម្ពុជា និងជាការរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។
ជាការឆ្លើយតប ឯកឧត្តម KIM Chang Yong បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលកូរ៉េ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោក Lee Jung-ho ប្រធានក្រុមប្រឹក្សាអង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍កូរ៉េ ប្រចាំកម្ពុជា (សមាជិកសរុបចំនួន២៨អង្គការ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការីបានចូលជួប។  លោក Lee Jung-ho បានជម្រាបជូនឯកឧត្តមពីបច្ចុប្បន្នភាពនៃសកម្មភាពរបស់អង្គការកូរ៉េនៅទូទាំង ១៥ ខេត្តក្រុងរបស់កម្ពុជា និងរាជធានីភ្នំពេញ ដោយអង្គការភាគច្រើនផ្តោតលើវិស័យអប់រំ សុខាភិបាល និងទឹកស្អាត ដោយត្រូវចំណាយថវិកាប្រចាំឆ្នាំចំនួនជាង១២លានដុល្លារ ដែលទទួលបានពីប្រភពជាច្រើន ដូចជា ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិសកល និងការរៃអង្គាសពីសប្បុរសជន។
ទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រឹទ្ធសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េ នឹងបន្តរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនជាលំដាប់ និងបានត្រៀមខ្លួនសហការជាមួយអង្គការក្រៅរដ្ឋាភិបាលកូរ៉េទាំងអស់នៅកម្ពុជា។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។