



នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអនុញ្ញាតឱ្យក្រុមយុវជនបាល់ទាត់U17 ភូមិរកា ចូលជួបសម្តែងការគួរសម និងប្រគល់ពានរង្វាន់ចំនួន២ ដែលក្រុមទទួលបានពីការប្រកួតក្នុងរយៈពេល ២រដូវកាល នៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជូនឯកឧត្តម ជានិមិត្តរូបនៃការគោរព ការដឹងគុណ និងសេចក្តីស្រឡាញ់ ក្នុងនាមជាកូនចៅរបស់ឯកឧត្តម។
ក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ស្មារតីសាមគ្គីភាព និងការតស៊ូរបស់ក្រុមយុវជន ដែលបាននាំមកនូវកិត្តិយសជូនភូមិ។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យប្អូនៗបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព រក្សាវិន័យ សីលធម៌ និងយកចិត្តទុកដាក់លើការសិក្សា ព្រមទាំងជៀសវាងអបាយមុខ ក្មេងទំនើង និងគ្រឿងញៀន ដើម្បីក្លាយជាយុវជនល្អ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម និងប្រទេសជាតិ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមយុវជនបាល់ទាត់ U17 ភូមិរកា ចំនួន ២០០,០០០៛ (ពីរសែនរៀល) ដើម្បីជាកម្លាំងចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាព និងសម្រេចបាននូវស្នាដៃល្អៗបន្ថែមទៀត។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋានរបស់ឯកឧត្តមសមាជិកព្រឹទ្ធសភា។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន