





នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅសាលាឃុំស្រែអង្ក្រង នៃស្រុកកូនមុំ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ នៃព្រឹទ្ធសភា អមដំណើរដោយលោក ខ័ណ្ឌ ចំណាន អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តរនតគិរី និងលោក ស៊ីង សុខនី អភិបាលរង នៃគណៈអភិបាលស្រុកកូនមុំ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាទៅដល់ក្រុមប្រឹក្សាឃុំចំនួន៣ រួមមានឃុំស្រែអង្ក្រង ឃុំត្រពាំងច្រេស ឃុំត្រពាំងក្រហម ស្មៀន និងនាយប៉ុស្តិ៍នគរបាល ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកកូនមុំ ខេត្តរតនគិរី។
នាឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសហការ ខិតខំពុះពារដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាជូនប្រជាពលរដ្ឋដោយរក្សាបាននូវសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានបានល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានសំណូមពរឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ខិតខំលើកកម្ពស់អនុវត្តការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អ ជាពិសេសផ្តល់សេវាសង្គម ដែលជាតម្រូវការរបស់ប្រជាជន ក្នុងមូលដ្ឋាន និងសូមសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ត្រូវបន្តរក្សាសាមគ្គីភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការអនុវត្តនៅមូលដ្ឋានឱ្យកាន់តែប្រសើរជាងមុន។
នាឱកាសនោះ លោកជំទាវបានជូនបំពង់ទឹក និងថវិកាដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាលចំនួន៣៦នាក់ផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨