







នាថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាព្រឹកស្ថិតនៅសាលាឃុំញ៉ាង និងពេលរសៀលស្ថិតនៅឃុំម៉ាលិក នៃស្រុកអណ្ដូងមាសលោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ នៃព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ថាវ យ៉េន សមាជិកក្រុមប្រឹក្សាខេត្តរនតគិរី និងលោក មាស សារ៉េត អភិបាលនៃគណៈអភិបាលស្រុកអណ្ដូងមាស បានអញ្ជើញចុះជួបសួរសុខទុក្ខសំណេះសំណាល និងនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាទៅដល់ក្រុមប្រឹក្សាឃុំចំនួន៣ រួមមាន ឃុំញ៉ាង ឃុំម៉ាលិក ឃុំតាឡាវ ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអណ្ដូងមាស ខេត្តរតនគិរី។
នាឱកាសនោះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំទាំងអស់ និងជំរុញឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធរឱ្យបន្តបង្ការ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បញ្ហាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន។
ជាមួយគ្នានេះ លោកជំទាវបានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ច្បាស់ថាកម្ពុជាជ្រើសរើសយកការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងស្នើឱ្យអាជ្ញាធរជួយផ្សព្វផ្សាយ ពង្រឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានសំណូមពរឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ពន្លឿនឱ្យអាជ្ញាធរមូលដ្ឋានជួយជំរុញប្រជាពលរដ្ឋសហការចូលរួមធ្វើអត្តសញ្ញបត្រឱ្យបានគ្រប់គ្នា និងខិតខំលើកកម្ពស់អនុវត្តន៍ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អ ជាពិសេសផ្តល់សេវាសង្គម ដែលជាតម្រូវការរបស់ប្រជាជន ក្នុងមូលដ្ឋាន និងសូមសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ត្រូវបន្តរក្សាសាមគ្គីភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការអនុវត្តនៅមូលដ្ឋានឱ្យកាន់តែប្រសើរជាងមុន។
នាឱកាសនោះដែរ លោកជំទាវបានជូនបំពង់ទឹក និងថវិកាដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាលចំនួន៤០នាក់។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន