ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀល ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជានាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) និងជាអភិបាលនៃ Alliance française ខេត្តសៀមរាប នៅបន្ទប់ប្រជុំគណៈកម្មការទី៥។
ជំនួបពិភាក្សានេះបានផ្តោតលើការងារត្រៀមរៀបចំកម្មវិធីសម្ពោធអគារថ្មីនៃ Alliance française ខេត្តសៀមរាប ដែលទទួលបាន​ជំនួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។​​ ជាកិច្ចឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សម្តេចតេជោប្រមុខរដ្ឋស្តីទី ​បានចាត់តាំង ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ជាតំណាងដ៏ខ្ពង់ខ្ពស់បំផុត​ ចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធនេះ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងសៀមរាប ខេត្តសៀមរាប៕

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ