លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់បញ្ហាប្រឈមនិងសំណូមពរជាមួយក្រុមប្រឹក្សាឃុំចំនួន៦ ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកលំផាត់ ខេត្តរតនគិរី
 
ចែករំលែក ៖

នាថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាព្រឹកស្ថិតនៅសាលាឃុំជ័យឧត្តម និងពេលរសៀលស្ថិតនៅឃុំបាតាង នៃស្រុកលំផាត់ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា អមដំណើរដោយ លោក នាង សំអាត អភិបាលរង នៃអភិបាលខេត្តរនតគិរី ឯកឧត្តម ជា ថាវរិទ្ធ និងឯកឧត្តមធឿ រក្សា សមាជិកក្រុមប្រឹក្សាខេត្តរនតគិរី លោក ឈឿង សំភាស់ និងលោកស្រី ទុយឌី  អភិបាលរង នៃគណៈអភិបាលស្រុកលំផាត់ បានអញ្ជើញចុះជួបសួរសុខទុក្ខសំណេះសំណាល និងនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រមុខរដ្ឋស្តីទី ជា ប្រធានព្រឹទ្ធសភា និងឯកឧត្តម អនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ទៅដល់ក្រុមប្រឹក្សាឃុំចំនួន៦ រួមមាន ឃុំជ័យឧត្តម ឃុំសេដា ឃុំកាឡែង ឃុំបាតាង ឃុំល្បាំងមួយ និងឃុំល្បាំងពីរ ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកលំផាត់ ខេត្តរតនគិរី។
នាឱកាសនោះ លោកជំទាវ បានសិក្សាស្វែងយល់ផ្សារភ្ជាប់ និងការជួបប្រាស្រ័យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ។លោកជំទាវបានលើកឡើងថា ការអញ្ជើញមកទីនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរ ក្នុងការអនុវត្តក្នុងតួនាទីកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានសំណូមពរឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ខិតខំអនុវត្តន៍តាមសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ និងជំរុញ តាមដានចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព បាត់ ឬខូចទ្រង់ទ្រាយដើម និងយុវជនគ្រប់អាយុត្រូវធ្វើនៅតាមមូលដ្ឋានបានកំណត់របស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។
លោកជំទាវ បានសំណូមពរឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ផ្សព្វផ្សាយ និងជួយជំរុញប្រជាពលរដ្ឋសហការចូលរួមធ្វើអត្តសញ្ញបត្រឱ្យបានគ្រប់គ្នា និងខិតខំលើកកម្ពស់អនុវត្តន៍ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អ និង សូមបន្តរក្សាសាមគ្គីភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការអនុវត្តនៅមូលដ្ឋានឱ្យកាន់តែប្រសើរជាងមុន។
នាឱកាសនោះដែរ លោកជំទាវបានជូនបំពង់ទឹក និងថវិកាដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាលចំនួន៦៥នាក់។

ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ