លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាល និងឈ្វេងយល់បញ្ហាប្រឈមនិងសំណូមពរជាមួយក្រុមប្រឹក្សាឃុំតាអង ឃុំតឺន និងឃុំសិរីមង្គល ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកកូនមុំ ខេត្តរតនគិរី
 
ចែករំលែក ៖

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាឃុំតាអង នៃស្រុកកូនមុំ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ នៃព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ភូ ធាឡុំ និងឯកឧត្តម អ៊ុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តរនតគិរី លោក ម៉ែ វាសនា អភិបាលរង នៃគណៈអភិបាលស្រុកកូនមុំ បានអញ្ជើញចុះជួបសួរសុខទុក្ខសំណេះសំណាល និងនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រមុខរដ្ឋស្តីទី ជាប្រធានព្រឹទ្ធសភា និងឯកឧត្តម អនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ ទៅដល់ក្រុមប្រឹក្សាឃុំចំនួន៣ រួមមាន ឃុំតាអង ឃុំតឺន និងឃុំសិរីមង្គល ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកកូនមុំ ខេត្តរតនគិរី។
នាឱកាសនោះ លោកជំទាវបានលើកឡើងថាការអញ្ជើញសំណេះសំណាលនាពេលនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរ និងភូមិឃុំមានសុវត្ថិភាព ក្នុងការអនុវត្តក្នុងតួនាទីកន្លងមក និងបានសំណូមពរឱ្យក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ដិ៍នគរបាល ខិតខំអនុវត្តន៍តាមសេវាតម្រូវការនិងសេវាសំណូមពររបស់ប្រជាពលរដ្ឋ និងជំរុញតាមដានចំពោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព បាត់ ឬខូចទ្រង់ទ្រាយដើម និងយុវជនគ្រប់អាយុ ត្រូវធ្វើនៅតាមមូលដ្ឋានបានកំណត់របស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។
ចុងបញ្ចប់ លោកជំទាវបានសំណូមពរដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំទាំងអស់រក្សាសាមគ្គីភាពរឹងមាំ បន្តដឹកនាំក្នុងមូលដ្ឋានក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។ លោកជំទាវលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខរដ្ឋស្តីទី ដោយបបញ្ជាក់ច្បាស់ថា កម្ពុជា ជ្រើសរើសយកការដោះស្រាយបញ្ហាព្រំប្រទល់ជាមួយប្រទេសថៃ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងស្នើឱ្យអាជ្ញាធរជួយផ្សព្វផ្សាយពង្រឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកជំទាវបានជូនថវិកា និងបំពង់ទឹកទុកជាអនុស្សាវរីយ៍ ដល់ក្រុប្រឹក្សាឃុំចំនួន២៥នាក់ផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ