ឯកឧត្តម ឡាយ សំកុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា-មិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៦
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែឧសភានិងខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានចាប់ពីប្រធាននាយកដ្ឋានឡើង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-ជម្រាបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបានជោគជ័យ និងផ្លែផ្កាយ៉ាងធំធេងសម្រាប់ប្រជាជននិងប្រទេសជាតិ ក្នុងវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ ការពារជាតិ និងបន្តពង្រឹងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន អោយកាន់តែរឹងមាំស្ថិតស្ថេររាប់ទស្សវត្សរ៍តទៅមុខ ស្របពេលដែលប្រទេសទាំងពីរកំពុងកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។
២-លើកឡើងអំពីការចុះបំពេញមុខងារតំណាងរបស់ សម្តេចតេជោ នៅតាមរាជធានី ខេត្តនាពេលកន្លងទៅ ដែលរហូតមកដល់ពេលនេះ បានចំនួន ១៨រាជធានី ខេត្តហើយ។ ការចុះទៅកាន់មូលដ្ឋានរបស់សម្តេចតេជោ នេះ គឺដើម្បីបន្តជំរុញការអនុវត្តច្បាប់, ការផ្ដល់សេវាសាធារណៈល្អប្រសើរជូនប្រជាពលរដ្ឋ, ពង្រឹងស្មារតីស្នេហាជាតិ និងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងជាតិ។
៣-ការបោះពុម្ព និងផ្សព្វផ្សាយសៀវភៅ «វិមានសាមគ្គីភាព៖ អគារកេរដំណែល និងប្រវត្តិសាស្ត្រ» ជូនសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងតម្កល់ទុកនៅបណ្ណាល័យព្រឹទ្ធសភាសម្រាប់ការសិក្សា និងស្រាវជ្រាវ។
៤-ការត្រៀមលក្ខណៈឱ្យបានល្អប្រសើរក្នុងការរៀបចំកិច្ចប្រជុំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) និងការដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និង
៥-បន្តតាមដាន និងជំរុញលើការងារនៃការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយព្រឹទ្ធសភាឥណ្ឌូណេស៊ី និង វេទិកាប្រធានព្រឹទ្ធសភាអាស៊ាន ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកខិតខំបំពេញការងារបានយ៉ាងល្អប្រសើរជូនស្ថាប័ន និងប្រទេសជាតិ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយជូនស្ថាប័ន៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ