



















នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ នៃភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគិរី ដោយមានអ្នកចូលរួមសរុបចំនួន ៤២៦នាក់។
ការអញ្ជើញចុះជួបសំណេះសំណាលនេះ ជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
នេះជាលើកទី១៧ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មក។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅដល់បណ្តារាជធានី-ខេត្តចំនួន១៧រួចមកហើយ រួមមាន ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល, រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពតនិងខេត្តកែប, ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន,ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន