គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា  (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម តុប ឈុនហេង ប្រធានសាលាដំបូង និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំង​មាន ការអញ្ជើញចូលរួមពី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខាធិការដ្ឋាន  អនុប្រធាន  និងមន្ត្រីនៃសាលាដំបូង និងអយ្យការអមសាលាដំបូង សរុបអ្នកចូលរួមទាំងអស់មានចំនួន៦៥រូប ដើម្បីជួបពិភាក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងជួបប្រទះ  នារសៀលថ្ងៃអង្គារ ទី១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦…។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត បានជម្រាបជូនអង្គពិធីអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ផ្តោតលើការអនុវត្តមុខងារស្នូលទាំងបីគឺ ១. មុខងារនីតិកម្ម ២. មុខងារតាមដានការអនុវត្តច្បាប់ ៣. មុខងារតំណាង ព្រមទាំងបំពេញមុខងារគាំទ្រពីរទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងសាធារណៈនិងមុខងារអភិវឌ្ឍន៍ស្ថាប័ន និងបានគូសបញ្ជាក់អំពីអាទិភាពចម្បងចំនួន២បន្ថែមទៀតរបស់ព្រឹទ្ធសភានីតិកាលទី៥ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងនៃជំនួបពិភាក្សា ដោយផ្តោតលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរយោបល់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃតុលាការ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ