


















នាវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញទទួលដំណើរទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៨៩នាក់ មកសិក្សាស្វែងយល់ពីនវានុវត្តន៍នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងដំណើរទស្សនកិច្ចនេះ បានអញ្ជើញទស្សនកិច្ចស្ថានីយឡូរី និងជិះកម្សាន្ដគយគន់ទេសភាពព្រៃភ្នំ សួនសត្វ សហគ្រាស ស្រះអភិរក្ស បឹងហ្គាឡូ រោងចក្រផលិតជីសរីរាង្គ និងដំណាំឈើហូបផ្លែផ្សេងៗ ដូចជា ចម្ការក្រូចថ្លុង ដូងក្រអូប ត្របែក មៀន ស្វាយ ។ល។
ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិតប្រធាន បានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗនៃភាពជាអ្នកដឹកនាំនៅក្នុងការដឹកនាំ និងការងារគ្រប់គ្រងដែលផ្សារភ្ជាប់ទៅនឹងលទ្ធផល និងសមិទ្ធផលពិតៗ។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមបណ្ឌិតប្រធានបានអញ្ជើញសិក្ខាកាមទាំងអស់ពិសារអាហារថ្ងៃត្រង់ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា