














គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ធូ ភា អភិបាលស្តីទីនៃ គណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត និងតំណាងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបពីគោលបំណងដើម្បីឈ្វេងយល់ អំពីស្ថានភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលអាជ្ញាធរខេត្ត និងមន្ទីរជំនាញមានសមត្ថកិច្ចពាក់ព័ន្ធមានកាតព្វកិច្ចអនុវត្តស្របតាម សមត្ថកិច្ចដែលបានកំណត់ដោយច្បាប់ ទាក់ទងនឹងការផ្តល់សេវាសាធារណៈផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ដែលស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីមានសមត្ថកិច្ចនីមួយៗ។
លោកជំទាវបណ្ឌិត បានជម្រាបជូនអង្គពិធីអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ផ្តោតលើការអនុវត្តមុខងារស្នូលទាំងបីគឺ ១. មុខងារនីតិកម្ម ២. មុខងារតាមដានការអនុវត្តច្បាប់ ៣. មុខងារតំណាង ព្រមទាំងបំពេញមុខងារគាំទ្រពីរទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងសាធារណៈនិងមុខងារអភិវឌ្ឍន៍ស្ថាប័ន និងបានគូសបញ្ជាក់អំពីអាទិភាពចម្បងចំនួន២បន្ថែមទៀតរបស់ព្រឹទ្ធសភានីតិកាលទី៥ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រភព៖ នាយកដ្ឋានព័ត៌មាន