ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងខណ្ឌជ្រោយចង្វារ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ​ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​ ក្នុងសង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៣កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៧ ឯកឧត្តម ឡាយ សំកុល​ អគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា AMH ចុះពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅវត្តបុទុមគង្គារ​ (ហៅវត្តបាក់ខែង)​។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមអគ្គលេខាធិការ បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម រួមជាមួយនឹងការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានខណ្ឌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលបន្ទុកសុខាភិបាលមួយផ្នែកជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកលៀប។ ជាមួយគ្នានោះដែរ ឯកឧត្តម ឡាយ សំកុល​ ក៏បានពាំនាំយកនូវកញ្ចប់​សម្ភារៈប្រេីប្រាស់​រួមមានថ្នាំពេទ្យ​ និងសម្លៀកបំពាក់ដែលទទួលបានពី ឯកឧត្ដម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការទី១០​ព្រឹទ្ធសភា​ ដើម្បីជូនដល់ប្រជាពលរដ្ឋដែលបានមកពិនិត្យសុខភាពសរុបចំនួន១០០​ នាក់ និងបានប្រគល់រទេះរុញចំនួន២គ្រឿងជូនដល់ប្រជាពលរដ្ឋដែលមានពិការភាពផងដែរ។ ​

ជាកិច្ចបញ្ចប់ ឯកឧត្តម ឡាយ សំកុល បានចូលរួមឧបត្ថម្ភថវិកាដើម្បីរួមចំណែកទ្រទ្រង់កម្មវិធីដ៏មានអត្ថន័យនេះឱ្យប្រព្រឹត្តទៅបានដោយរលូន ដោយបានឧបត្ថម្ភដល់ក្រុមការងារសង្កាត់ព្រែកលៀប​ ចំនួន ១,០០០,០០០រៀល​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង​ ចំនួន​ ១,០០០,០០០​រៀល​ និងបងប្អូនពូមីងជាប្រជាពលរដ្ឋដែលបានមកពិនិត្យព្យាបាលជំងឺក្នុងម្នាក់​ៗ ចំនួន​ ២០,០០០រៀល។ ក្នុងនោះដែរ​ ឯកឧត្ដម​ក៏ បានអញ្ជេីញចូលថ្វាយបង្គំព្រះចៅអធិការវត្តបុទុមគង្គារ​ (ហៅវត្តបាក់ខែង)​ និងប្រគេនបច្ច័យទ្រទ្រង់វត្ត​ ចំនួន​ ១,០០០,០០០រៀលផងដែរ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ