

















នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ អមដោយសមាជិកគណៈកម្មការទី២ និងមន្រ្តីជំនួយការ បានអញ្ជើញជួបពិភាក្សាការងារ និងទស្សនកិច្ចនៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះគណៈប្រតិភូ បានទទួលការស្វាគមន៍ពីសំណាក់ លោក ចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកបណ្ឌិត ឈន វឿន នាយកសាសាជាតិគយ និងលោក ហ៊ុយ ស៊ីណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអនុប្រធានការិយាល័យ និងសហការី សរុបចំនួន ៨រូប។
គណៈប្រតិភូបានស្តាប់បទបង្ហាញរបស់ លោកបណ្ឌិត ឈន វឿន នាយកសាសាជាតិគយ ស្តីពី “សាលាជាតិគយ និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់WOC A/P”។ បន្ទាប់មកគណៈប្រតិភូបានបន្តទស្សនកិច្ចក្នុងសាលា រួមមាន៖ បន្ទប់សិក្សា បណ្ណាល័យ សាលប្រជុំ សាលសន្និសីទ និងសាលកីឡា …។ល។
ប្រភព៖ នាយកដ្ឋានព័ត៌មាន