
















ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា អមដំណើរដោយ លោកជំទាវ ជិន សំនៀង សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានអញ្ជើញចុះទស្សនកិច្ច និងសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីដែលកំពុងបំពេញការងារនៅ «ចម្ការលម្មើរធម្មជាតិ និងកសិដ្ឋានបន្លែចម្រុះមរតកបសេដ្ឋ» ស្ថិតក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមសមាជិកាព្រឹទ្ធសភា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះកម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជានិច្ច។
ដំណើរបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ផ្ទាល់ពីស្ថានភាពរស់នៅ ជីវភាព សុខទុក្ខ ក៏ដូចជាលក្ខខណ្ឌការងាររបស់បងប្អូនកម្មករ-កម្មការិនី ក្នុងវិស័យកសិកម្ម។ ជាមួយគ្នានោះដែរ គណៈប្រតិភូក៏បានពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះបន្លែចម្រុះ សុវត្ថិភាពចំណីអាហារ និងការផ្គត់ផ្គង់ទីផ្សាររបស់កសិដ្ឋាន ដែលជាចំណែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកជំទាវ មាន សំអាន ក៏បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មករគ្រប់រូប ក៏ដូចជាម្ចាស់កសិដ្ឋាន ដែលបានរួមចំណែកបង្កើតការងារធ្វើនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងជំរុញការដាំដុះដំណាំធម្មជាតិ និងបន្លែសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។
បន្ទាប់មក លោកជំទាវ មាន សំអាន និងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានប្រគល់អំណោយ និងព្រះរាជទានព្រះរាជអំណោយជាកញ្ចប់ឃីត ព្រមទាំងថវិកាមួយចំនួន ជូនដល់បងប្អូនកម្មករ-កម្មការិនី ដោយក្នុងម្នាក់ៗទទួលបាន៖
កញ្ចប់ឃីតចំនួន១កញ្ចប់ រួមមាន៖ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូកក់សក់ សាប៊ូដុសខ្លួន ក្រាសសិតសក់ កន្ត្រៃកាត់ក្រចក ឡាមកោរពុកមាត់ ប្រេងខ្យល់ ក្រមា និងសាប៊ូទឹកដុសខ្លួនព្រមទាំងថវិកាមួយចំនួន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន