ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញទទួលជំនួបសម្តែងការគួរសមជាមួយ Prof. Dr. Ustaz Abdussomad Al-Azhari Al-Indonesia វាគ្មិនកិត្តិយសមកពីសាធារណរដ្ឋឥណ្ឌូណេស៊ី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញទទួលជំនួបសម្តែងការគួរសមជាមួយ Prof. Dr. Ustaz Abdussomad Al-Azhari Al-Indonesia វាគ្មិនកិត្តិយសដ៏ល្បីល្បាញ មកពីសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត និងប្រតិភូអមដំណើរទាំងអស់ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ជូនចំពោះ លោកបណ្ឌិត និងគណៈប្រតិភូផងដែរ។
កិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាន់ ឡាទីន​ សមាជិកព្រឹទ្ធសភា ឯកឧត្តមសមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត/ក្រុង អភិបាលរងខេត្ត/ក្រុង/ស្រុក ប្រតិភូមកពីប្រទេសម៉ាឡេស៊ី និងសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងលោកគ្រូ អ្នកគ្រូជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានជម្រាបជូន លោកបណ្ឌិត និងគណៈប្រតិភូ អំពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់ព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ ឯកឧត្តមបានលើកឡើងថា សុខសន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយត្រូវបានបន្តពង្រឹងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយលើកកម្ពស់ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយធានាបាននូវសេរីភាពខាងជំនឿ និងការគោរពគ្នាទៅវិញទៅមកក្នុងសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរួមរស់ដោយសុខសាន្ត សាមគ្គីភាព និងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងអំពីការរីកចម្រើនជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងបច្ចេកវិទ្យា ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានស្ថិរភាព ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប លោកបណ្ឌិត Prof. Dr. Ustaz Abdussomad Al-Azhari Al-Indonesia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវសុខសន្តិភាព និងសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ដែលជាគំរូដ៏ល្អសម្រាប់ការរួមរស់ដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានប្រគល់វត្ថុអនុស្សាវរីយ៍ជាថាសស្ពាន់រូបសញ្ញាព្រឹទ្ធសភា ជូនដល់លោកបណ្ឌិត ផងដែរ។ ជំនួបសម្តែងការគួរសម ខាងលើប្រព្រឹត្តទៅនៅគេហដ្ឋានរបស់ឯកឧត្តម សមាជិកព្រឹទ្ធសភា។

ប្រភព៖ ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ