












នារសៀលថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភានិងលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ប៉ូលីស ស្មៀនឃុំ និងប៉ូលីសឃុំ នៃឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ពិធីនេះមានគោលបំណងដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីការអភិវឌ្ឍន៍ព្រមទាំងតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍ ស្មៀន និងលោកមេភូមិ ប្រកបដោយក្តីនឹករលឹក។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឍន៍ឃុំរួច បន្ទាប់មក
ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពររស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋានឃុំ។ ក្នុងនោះ ឯកឧត្ដមក៏បានពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ចុងបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១ និងសារុង១ផងដែរ។
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន