














ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ឱ្យបន្តជឿទុក្ខចិត្តទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងយន្តការការទូត ស្រមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ឯកឧត្តមអនុប្រធានក្រុមភូមិភាគទី២ បានលើកឡើងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា AMH ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកអូររាំងឪ នៅវិទ្យាល័យហេង សំរិន ចក ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ៧កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងឱកាសនេះដែរ ឯកឧត្តអនុប្រធានក្រុមភូមិភាគទី២ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានីហ៊ុន សែន, ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានក្រុម ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលស្រុកក្នុងការជួយសម្របសម្រួលការងារ និងទីតាំងសម្រាប់ក្រុមគ្រូពេទ្យ ព្រមទាំងបានបន្តកោតសរសើរ និងអរគុណដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត AMH ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលបន្ទុកសុខាភិបាលមួយផ្នែកជូនដល់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឳ។
នៅឱកាសនោះដែរ ឯកឧត្តមអនុប្រធានក្រុម បានគូសបញ្ជាក់អំពីអាទិភាពចម្បងរបស់ព្រឹទ្ធសភានីតិកាលទី៥ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព កុំបរិភោគអាហារណា ដែលមានជាតិប្រៃពេក ផ្អែមពេក និងជាតិខ្លាញ់ច្រើនពេក។ មុននឹងបញ្ចប់ ឯកឧត្តមបានប្រគល់លិខិតថ្លែងអំណរអរគុណ និងវត្ថុអនុស្សាវរីយ៍ រួមមាន ទឹកឃ្មុំ និងនំខ្មែរ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត AMH ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន