
















នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដោយមានការអមដំណើរពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយពីសប្បុរសជន ទៅប្រគល់ជូនវីរកងទ័ពសមរភូមិមុខទិសទី៤ យោធភូមិភាគទី៥ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារព្រំដែននៅតំបន់ថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកជំទាវប្រធានគណៈប្រតិភូ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ពសមរភូមិមុខ។
ទន្ទឹមនេះ លោកជំទាវ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហាន មោះមុត និងការលះបង់ដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរកងទ័ពសមរភូមិមុខ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព ទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយ និងជូនពរដល់យោធិនទាំងអស់មានសុខភាពល្អ ខិតខំថែរក្សាសុខភាពឱ្យបានមាំមួន ខណៈថ្នាក់ដឹកនាំនៅតែគិតគូរពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពជាប់ជាប្រចាំ។
អំណោយដែលបាននាំយកទៅប្រគល់ជូន រួមមាន៖ ទឹកបរិសុទ្ធ៥៣០កេស, ទឹកក្រូច២៥កេស, តែទឹកក្រូចឆ្មារ២៥កេស,
ជ្រក់ស្ពៃ៤៤កែវធំ(២២០គីឡូក្រាម), ផ្អកសាច់ជ្រូក៣២កែវធំ(១៦០គីឡូក្រាម), ប៊ីចេង១កេសធំ, ប្រេងឆា២លីត្រ៥កេសធំ, ខ្ទឹមស៥០គីឡូក្រាម, បង្គារ២កេសធំ, ប្រេងកូឡា១កេស ព្រមទាំងថវិកាចំនួន១ពាន់ដុល្លារអាមេរិក និងចំនួន ២លានរៀល។ ជាមួយគ្នានេះ វីរកងទ័ពសមរភូមិមុខចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានកញ្ចប់ឃីតមួយ រួមមាន៖ ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូកក់សក់ សាប៊ូដុសខ្លួន, ក្រាស់សិតសក់, កន្ត្រៃកាត់ក្រចក, ប្រដាប់កោរពុកមាត់, ទឹកឃ្មុំ, ប្រេងខ្យល់, កន្សែងជូតមុខ ព្រមទាំងថវិកា៤ម៉ឺនរៀល។
ដោយឡែក លោកជំទាវឧកញ៉ាបណ្ឌិត សេង ពុទ្ធិឆាត អគ្គនាយិការងក្រុមហ៊ុនកម្ពុជាតេលា បានចូលរួមឧបត្ថម្ភប្រេងឥន្ទនៈ ជូនដល់អង្គភាពជួរមុខចំនួន១ពាន់លីត្រ និងរដ្ឋបាលស្រុកវាលវែងចំនួន១ពាន់លីត្រ ផងដែរ។
បន្ទាប់មក គណៈប្រតិភូក៏បានបន្តអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងកងទ័ពថៃដាក់កុងទ័រន័ររំលោភលើដែនដីនៃអធិបតេយ្យភាពរបស់កម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន