ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីបុណ្យឆ្លងសមិទ្ធផល «ស្ពានព្រែកបាញ់លះ» ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ព្រមទាំង លោកជំទាវ សុខ ឃុន្នី បុត្រាបុត្រី និងកូនចៅ បានអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីបុណ្យឆ្លង និងសម្ពោធសមិទ្ធផល «ស្ពានព្រែកបាញ់លះ»។
ពិធីបុណ្យឆ្លងសមិទ្ធផលដ៏ថ្លៃថ្លានេះ ត្រូវ‌បានផ្តួចផ្តើមឡើងដោយស្មារតីសាមគ្គីភាព និងការមូលមតិគ្នាជាឯកច្ឆន្ទ រវាងអាជ្ញាធរដែនដី រួមមាន ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូ-អ្នកគ្រូ មេភូមិគ្រប់ភូមិ ព្រមទាំងលោកអាចារ្យ គណៈកម្មការ និងចាស់ព្រឹទ្ធាចារ្យទូទាំងឃុំកំពង់អុស។
ក្នុងឱកាសដ៏មហោឡារិកនោះ ឯកឧត្តម សាយ បូរិន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងស្និទ្ធស្នាលពីសំណាក់ ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំរវាងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមរួមកសាងសមិទ្ធផលស្ពានព្រែកបាញ់លះនេះឡើង ដែលជាអំណោយផលយ៉ាងធំធេងក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវ និងរំលឹកផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសមិទ្ធផលស្ពានថ្មីនេះឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមដល់កូនចៅជំនាន់ក្រោយៗទៀត។
ដើម្បីចូលរួមចំណែកក្នុងកម្មវិធីបុណ្យ និងគាំទ្រដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្ដម សាយ បូរិន និងលោកជំទាវ សុខ ឃុន្នី ព្រមទាំងគ្រួសារ បានចូលរួមឧបត្ថម្ភថវិកា និងសម្ភារសរុបជាថវិកាចំនួន ៤.១០៥.០‌០‌០រៀល ដែលមានដូចខាងក្រោម៖
១-បច្ច័យចូលបុណ្យ ១.០០០.០០០ ៛
២-ស្លាដក (៥ ប្រអប់/កញ្ចប់) ៣២៥.០០០ ៛
៣-បច្ច័យប្រគេនព្រះសង្ឃ (៥ អង្គ × ១០០.០០០៛)៖ ៥០០.០០០៛
៤-បច្ច័យប្រគេនព្រះសង្ឃទេសនា ២០០.០០០៛
៥-ថវិកាជូនលោកអាចារ្យ ២០០.០០០៛
៦-ថវិកាជូនលោកយាយ លោកតា កងកម្លាំង និងប្រជាការពារ ៦០០.០០០៛
៧-ឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ៨៤០.០០០៛
៨-ឧបត្ថម្ភមេឃុំ ក្រុមប្រឹក្សាឃុំ បុគ្គលិករដ្ឋបាល យុវជន និងអ្នកពាក់ព័ន្ធ ៤៤០.០០០៛
ពិធីបុណ្យឆ្លងសមិទ្ធផលស្ពានព្រែកបាញ់លះនេះ បានប្រារព្ធធ្វើឡើងនៅទីតាំងស្ពានផ្ទាល់ ស្ថិតក្នុងភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា៕

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ