គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៥និងទី៩ព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចាំបាច់ចំនួន៤
 
ចែករំលែក ៖

បន្ទាប់ពីរដ្ឋសភាបានបញ្ជូនសេចក្តីព្រាងច្បាប់មកកាន់ព្រឹទ្ធសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៥ មានដូចខាងក្រោម៖
១.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
២.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
៣.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន សម្រាប់សម្ភារៈអគារ និងសំណង់។
៤.ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
៥.បញ្ហាផ្សេងៗ។
ក្រោយពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៤ ខាងលើនេះ ដើម្បីនាំយកយោបល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នាពេលខាងមុខ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ