គណៈកម្មការទី៥ និងទី៩ នៃព្រឹទ្ធសភា ជួបប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានជួបប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការ នៅសាលភក្តីវិក្រម៣ នៃវិមានព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១. ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃបរិក្ខារអាកាសយាន
២. ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក
៣. ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន សម្រាប់សម្ភារៈអគារ និងសំណង់
៤. ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត
៥. ផ្សេងៗ។
អង្គប្រជុំ បានកំណត់នីតិវិធីចាំបាច់នានា សម្រាប់ជំនួបជាមួយតំណាងរាជរដ្ឋាភិបាលដែលការពារសេចក្តីព្រាងច្បាប់ខាងលើ និង រៀបចំរបាយការណ៍ដាក់ឆ្លងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ និងកិច្ចប្រជុំពេញអង្គជាវិសមញ្ញព្រឹទ្ធសភា នាពេលខាងមុខ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ