














នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយគណៈគ្រប់គ្រងសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីឈ្វេងយល់ពីបទពិសោធន៍ល្អៗ ក្នុងការបង្រៀននិងរៀន បញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីបានជាធាតុចូលថ្មីៗបន្ថែមទៀត សម្រាប់យកទៅបន្តផ្សព្វផ្សាយ និងធ្វើការចែករំលែកជូនដល់សាលារៀននៅតំបន់ផ្សេងៗទៀត។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានកោតសរសើរដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្ថែមថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំត្រូវចាប់ផ្តើមពីកម្រិតមត្តេយ្យ និងបឋមសិក្សា ត្រូវផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្តដើម្បីឱ្យមានគុណភាព សមត្ថភាព ជាពិសេសការលើកកម្ពស់ការបណ្តុះបណ្តាលភាសាបរទេស និងជំនាញសតវត្សទី២១ ដើម្បីមានលទ្ធភាពចូលរួមប្រកួតប្រជែងទីផ្សារការងារនាពេលអនាគត ទន្ទឹមនឹងនោះត្រូវយកចិត្តទុកដាក់ដល់ការពង្រឹងសមត្ថភាពគ្រូឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងវិធីសាស្ត្របង្រៀនថ្មីៗ។ ជាកិច្ចបន្ត គណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ចបន្ទប់សិក្សាភាសាបរទេស បន្ទប់សិក្សាជំនាញឌីជីថល និងសាលបណ្ណាល័យរបស់សាលាផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន