គណៈកម្មការទី៥ និងទី៩ព្រឹទ្ធសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិនិត្យ សិក្សា លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានប្រជុំអន្តរគណៈកម្មការជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អមដោយថ្នាក់ដឹកនាំ និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
អង្គប្រជុំ បានធ្វើការផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើអត្ថប្រយោជន៍សំខាន់ៗទាំងផ្លូវច្បាប់ និងសេដ្ឋកិច្ច ពីការផ្តល់សច្ចាប័ននៃអនុសញ្ញានិងពិធីសារអាកាសយាននេះ ដែលនឹងជួយ (១) ការពារសិទ្ធិកម្មសិទ្ធិ និងសិទ្ធិជួលលើអាកាសយាន តាមប្រព័ន្ធអន្តរជាតិ និងការចុះបញ្ជីអេឡិចត្រូនិក, (២)បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងអ្នកផ្តល់ហិរញ្ញប្បទាន ធ្វើឱ្យការទិញ ឬជួលអាកាសយានកាន់តែងាយស្រួល និងមានសុវត្ថិភាព។ ជាមួយគ្នានេះដែរ ការចូលជារដ្ឋភាគីនៃអនុសញ្ញា និងពិធីសារអាកាសយាននេះ នឹងជួយកម្ពុជាកាត់បន្ថយថ្លៃជួលអាកាសយាន ពង្រីកបន្ថែមអាកាសយាន ទាក់ទាញអ្នកវិនិយោគ និងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ ទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ