









នាល្ងាចថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍វង្ស និងវត្តបទុមមង្គល ស្ថិតនៅឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមប្រធាន និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ អញ្ជើញធ្វើកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតា និងញាតកាក្នុងសង្សារវដ្តដែលបានចែកឋានទៅកាន់បរលោកហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់យុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា សូមអស់លោកទាំងអស់បានយោនយកកំណើតនៅទីបរមសុខដ៏ខ្ពង់ខ្ពស់ កុំបីក្លាយជាប្រការដទៃឡើយ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន