
















នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដោយថ្នាក់ដឹកនាំ និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣គឺ៖
១.ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
២.ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួល ទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។
៣.ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
អង្គប្រជុំ បានធ្វើការផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើអត្ថប្រយោជន៍សំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចសម្រុះសម្រួលអាស៊ានទាំងនេះរួមមាន៖
១-ពង្រឹងដល់សមត្ថភាពរបស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពធ្វើអធិការកិច្ច របស់កម្ពុជាឱ្យបំពេញស្របតាមស្តង់ដាជាតិ និងគោលការណ៍នៃកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅ វិញទៅមកតាមផ្នែកផលិតផលឬសេវាកម្មនីមួយៗ។
២-កាត់បន្ថយការខាតបង់នូវធនធានសេដ្ឋកិច្ច និងធនធានគាំទ្រទៅលើការធ្វើឡើងវិញនូវសេវាកម្ម ផ្តល់វិញ្ញាបនបត្រ ធ្វើតេស្ត និងធ្វើអធិការកិច្ច ទៅលើផលិតផលតែមួយដូចគ្នា។
៣-ជំរុញឱ្យការធ្វើពាណិជ្ជកម្មសម្ភារៈអគារនិងសំណង់នៅក្នុងទីផ្សារអាស៊ាន ប្រកបដោយសមធម៌ និងលើកកម្ពស់ភាពប្រកួតប្រជែងដោយសុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៤-ផ្តល់ជាមូលដ្ឋានសម្រាប់ពង្រឹងនិងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយ សេរីនូវផលិតផលយានយន្តរបស់កម្ពុជានៅក្នុងទីផ្សារអាស៊ាន។
ប្រភព៖ នាយកដ្ឋានព័ត៌មាន