លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ អញ្ជើញទស្សនកិច្ចសិក្សាដើម្បីឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ចំនួន១០០នាក់ ក្នុងកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពី «រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា» នៅសាលភក្តីវិក្រម១ វិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានស្តាប់បទបង្ហាញយ៉ាងយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ស្តីពី សាវតារនៃការបង្កើតស្ថាប័នព្រឹទ្ធសភា, តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា, ភាពខុសគ្នារវាងព្រឹទ្ធសភានិងរដ្ឋសភា ព្រមទាំងតួនាទីរបស់ក្រុមសមាជិកព្រឹទ្ធសភានៅតាមភូមិភាគ។
ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់អំពី មុខងារស្នូលរបស់ព្រឹទ្ធសភា និងអាទិភាពចម្បងចំនួន២ នៃព្រឹទ្ធសភានីតិកាលទី៥ គឺ១.ការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ តាមរយៈការលើកកម្ពស់ការទូតសភា ២.បង្កើនភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត នៃក្រុមប្រឹក្សាឃុំ សង្កាត់។

បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យបន្តខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងគុណភាពធនធានមនុស្ស ដោយយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយិនឌ័រ និងការផ្តល់ឱកាសដល់ស្ត្រីក្នុងការសិក្សាអប់រំ និងដឹកនាំ សម្រាប់បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ថែរក្សា ប្រើប្រាស់ និងលើកកម្ពស់ភាសាជាតិខ្មែរ ឱ្យបានត្រឹមត្រូវ ស្របតាមអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីជាតិខ្មែរ។ បន្ទាប់មក ក៏មានការធ្វើបទបង្ហាញពីលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ស្តីពី «រចនាសម្ព័ន តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា»។

ក្រោយពីបានស្តាប់ពីបទបង្ហាញរួចមក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានបន្តទស្សនាសាលប្រជុំពេញអង្គព្រឹទ្ធសភា និងបានទស្សនាអគារប្រវត្តិសាស្ត្រនានានៅក្នុងបរិវេណព្រឹទ្ធសភា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ