





គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងបូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅការងារបន្ត។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន និងឯកឧត្តមសមាជិកគណៈកម្មការ បានផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនទានយ៉ាងស៊ីជម្រៅអំពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗដែលកំពុងកើតមានឡើងនៅក្នុងតំបន់និងសកលលោក។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធានបានណែនាំដល់ក្រុមមន្ត្រីជំនួយការឱ្យរៀបចំត្រៀមលក្ខណៈនិងនីតិវិធីការងារពាក់ព័ន្ធឱ្យបានរៀបរយដើម្បី ចុះបំពេញបេសកកម្មធ្វើការងាររួមគ្នាជាមួយរដ្ឋបាលខេត្តចំនួន៣ និង បន្តត្រៀមចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្ត និង ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា នៅបន្ទប់ប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន