ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៩ ខែកក្កដា  ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ និងប៉ូលីសឃុំ នៃឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះមានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីការអភិវឌ្ឍ ព្រមទាំងតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ប៉ូលីស និងលោកស្មៀនឃុំ  ប្រកបដោយក្តីនឹករលឹក។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឍន៍ឃុំរួច បន្ទាប់មកឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃុំ។ ក្នុងនោះ ឯកឧត្ដមក៏បានពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ឯកឧត្ដមបានជំរុញឱ្យក្រុមប្រឹក្សាឃុំផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលដល់អាយុបោះឆ្នោតត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃ៧ ខែតុលា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីមានឈ្មោះក្នុងបញ្ជី គ.ជ.ប ដើម្បីទៅបោះឆ្នោតបាន។

ចុងបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បានឧបត្ថមដល់អ្នកចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១ និងសារុង១ផងដែរ។

សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ