














កំពង់ចាម៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូដង្ហែ និងប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទានជូនព្រះសង្ឃនៅវត្តចំនួន ៥២វត្ត ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បន្ទាប់ពីពិធីប្រគេនទៀនព្រះវស្សា ឯកឧត្តម អ៊ុច បូររិទ្ធ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា ប្រគល់ជូនគ្រួសារវីរយុទ្ធជនដែលបានពលី ដើម្បីសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ឧត្តុង្គឧត្តម ដើម្បីជាតិមាតុភូមិ ព្រមទាំងជូនដល់អតីតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានចូលនិវត្តន៍ ដែលជាសាក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះការចូលរួមបម្រើជាតិ និងសង្គមនាពេលកន្លងមក ។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកស្ទឹងត្រង់ ដែលជាទឹកដីកំណើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វីរបុរសជាតិ ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត ដើម្បីរំដោះជាតិ និងកសាងប្រទេសជាតិរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
តាងនាមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ដែលបានសម្តែងនូវសាមគ្គីភាព ឯកភាពជាតិយ៉ាងរឹងមាំ រួមគ្នាជាធ្លុងមួយជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ជុំវិញរាជរដ្ឋាភិបាល ក្នុងការតស៊ូមុះមុត និងមិនរាថយ ចំពោះសកម្មភាពឈ្លានពានរបស់កងទ័ពសៀមមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ចាត់ទុកការគាំទ្រជីវភាពរស់នៅរបស់គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន ជាអាទិភាពដ៏សំខាន់ ដើម្បីផ្តល់តម្លៃដ៏សក្តិសមចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីរយុទ្ធជនក្នុងការការពារប្រទេសជាតិ»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបន្តរួមគ្នាថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន៕
អត្ថបទ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន