





នាព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា (Xaysomphone PHOMVIHANE) ប្រធានរដ្ឋសភាឡាវ នៅស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ។
ក្នុងនាមព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវការចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំ និងស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយសភា រដ្ឋាភិបាល ប្រជាជនឡាវ និងគ្រួសារនៃសព។ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា គឺជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ដែលទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនឡាវ ហើយក៏ជាមិត្តដ៏ល្អប្រពៃរបស់កម្ពុជាផងដែរ។
កម្ពុជានឹងចងចាំជានិច្ចនូវមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តម ចំពោះប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ឯកឧត្តម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងនៅក្នុងតំបន់ និងលើសកលលោក។
ថ្នាក់ដឹកនាំ និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមបណ្ឌិត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន