













ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវេង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពាមរក៍ ចំនួន៥ឃុំ មកពីឃុំបន្លិចប្រសាទ ឃុំអ្នកលឿង ឃុំពាមមានជ័យ ឃុំព្រែកខ្សាយ ខ ឃុំព្រៃកណ្តៀង ខេត្តព្រៃវែង សរុបចំនួន៣៩នាក់ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកពាមរក៍។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មាន សំអាន ប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញធរខេត្ត ស្រុក ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ។
ពីធីសំណេះសំណាលនាឱកាសនេះ ដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្វែងយល់ផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក។
លោកជំទាវ បានគូសបញ្ជាក់អំពីតួនាទីរបស់ព្រឹទ្ធសភា មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងដំណើរការអភិវឌ្ឍស្ថាប័ននីតិប្បញ្ញត្តិ ក្រៅពីមុខងារស្នូលទាំងបី សម្តេចបានដាក់ចេញនូវកិច្ចការជាអាទិភាពចម្បងចំនួនពីរ គឺទី១ការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ លើកកម្ពស់ការទូតសភានិងទី២ សមាជិក សមាជិកាព្រឹទ្ធសភា នៅគ្រប់មណ្ឌលភូមិភាគទាំង៨ ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាប្រចាំជាមួយអង្គបោះឆ្នោតជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រភព៖ នាយកដ្ឋានព័ត៌មាន