លោកជំទាវ មាន សំអាន៖ អំពាវនាវឱ្យអាជ្ញាធរខេត្ត ស្រុក និងឃុំ បន្តខិតខំរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវេង និងខេត្តស្វាយរៀង)  ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកមេសាង ខេត្តព្រៃវែង មកពីឃុំចំនួន គឺឃុំអង្គរស  ឃុំច្រេស ឃុំព្រៃទទឹង ឃុំស្វាយជ្រុំ ឃុំត្រពាំងស្រែ សរុបចំនួ៥១នាក់ នារសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកមេសាង។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មាន សំអាន ប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ សង្កាត់ បងប្អូនប្រជាពលរដ្ឋ។

ពីធីសំណេះសំណាលនាឱកាសនេះ ដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្វែងយល់ផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក។

ឆ្លៀតក្នុងពេលសំណេះសំណាល លោកជំទាវ ប្រធានក្រុម បានលើកឡើង ពីការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី ជាជំហានៗ តាមយន្ដការដែលមានស្រាប់។ និងបន្តខិតខំរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងទប់ស្កាត់ រួមមាន៖ ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជាចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងការបង្រ្កាបការឆបោកតាមប្រព័ន្ធអេឡិកត្រូនិក។

ចំពោះសំណើ សំណូមពរ ដែលបានលើកឡើងរបស់ក្រុមប្រឹក្សាឃុំ ដែលហួសពីដែនសមត្ថកិច្ចស្រុក និងខេត្ត ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងដកស្រង់ធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា និងស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីធ្វើសំណើទៅក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជួយដោះស្រាយទៅតាមជំនាញនីមួយៗ

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ