ឯកឧត្តម យស ផានីត្តា លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម ហេង ហាលីម អញ្ជើញចូលរួមជាមួយគណៈប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិក មកពី១៧ប្រទេស ចុះទស្សនកិច្ចសិក្សាពីការផ្តល់សេវាថែទាំសុខភាពបឋមនៅខេត្តកំពត
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ហេង ហាលីម សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក មកពី១៧ប្រទេស ក្នុងដំណើរទស្សនកិច្ចសិក្សាដើម្បីស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅតាមសហគមន៍ នៅមណ្ឌលសុខភាពអង្គភ្នំតូច ខេត្តកំពត។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត តំណាងក្រសួងសុខាភិបាល និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តកំពត ព្រមទាំងបានស្តាប់បទបង្ហាញស្តីពីប្រវត្តិ សកម្មភាពការងារ ការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងអញ្ជើញពិនិត្យមើលពីការរៀបចំ និងបម្រើសេវាសុខាភិបាលនៅបន្ទប់ពិគ្រោះជំងឺ បន្ទប់សម្រាក និងបន្ទប់ព្យាបាលរបស់មណ្ឌលសុខភាពអង្គភ្នំតូចផងដែរ។ នៅក្នុងឱកាសនោះ គណៈប្រតិភូក៏បានចូលរួមក្នុងកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅក្នុងបរិវេណមណ្ឌលសុខភាព ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង ស្អាត និងមានភាពល្អប្រសើរសម្រាប់អ្នកជំងឺ បុគ្គលិកសុខាភិបាល និងសហគមន៍។

បន្ទាប់មក គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចទៅកាន់ មន្ទីរពេទ្យអនុស្សាវរីយ៍ សុនយ៉ាឃៀល ដែលជាមន្ទីរពេទ្យឯកជនមិនស្វែងរកប្រាក់ចំណេញ ដើម្បីស្វែងយល់បន្ថែមអំពីតួនាទី និងការចូលរួមរបស់វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការគាំទ្រ និងពង្រឹងប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា។

ជារួម ដំណើរទស្សនកិច្ចសិក្សានេះ គឺបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋាន។ ការរួមដៃគ្នាពីគ្រប់ភាគីពាក់ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយវិសមភាពក្នុងការទទួលបានសេវាសុខាភិបាល និងរួមចំណែកឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC) នៅកម្ពុជា៕

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ