















ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំដោយលោកជំទាវ ចាន់ ភារី ប្រធានសមាគម អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅវិមាន៧មករា នារសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
តាមរយៈជំនួបពិភាក្សា គឺបានចែករំលែកគ្នាអំពីស្នាដៃ និងសមិទ្ធផលការងារបានអនុវត្តកន្លងមករបស់សហគ្រិនស្ត្រីកម្ពុជា ដែលស្ត្រីបានដឹកនាំអាជីវកម្មឆ្លងកាត់ការពុះពារការលំបាក ដើម្បីសម្រេចបានជោគជ័យមិនត្រឹមតែគ្រួសាររបស់ខ្លួនទេ តែបានជួយផ្តល់នូវការងារ សម្រាប់ប្រជាពលរដ្ឋពិសេសស្ត្រីអាចបង្កើនចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
នៅក្នុងពិធីដ៏មានអត្ថន័យប្រកបដោយបរិយាកាសរីករាយរាក់ទាក់នេះ លោកជំទាវប្រធាន និងប្រតិភូ បានចូលរួមអបអរសាទរជាមួយមនោសញ្ចេតនាសោមនស្សរីករាយ និងសេចក្តីគោរពដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្តេច ដែលឈានមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សូមមានកម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងមានជន្មាយុយឺនយូរ ព្រមទាំងសូមបានប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន