








នាព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ ។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងឯកឧត្តមផ្ទាល់ សូមចូលរួមរំលែក មរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី បិតា ជីតា ជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូន ចៅ និងក្រុមគ្រួសារ និងការបាត់បង់នូវ ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានបូជាអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែក យ៉ាងសកម្មបំផុត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ មាតិភូមិ កន្លងមក។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទឹម ផន បានទៅសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សពឯកឧត្តម ទឹម ផន ត្រូវបានរៀបចំពិធីបុណ្យនៅបុរី ជីប ម៉ុងលែន ៦A ផ្ទះលេខ២៦ ផ្លូវលេខ៣៩ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន