







នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅវិមាន៧មករា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន ចំនួន ១៤៦ នាក់ ដឹកនាំដោយ លោក អ៊ុ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសចិន។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលជាការយកចិត្តទុកដាក់ជាអាទិភាពចម្បងរបស់ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិរីកចម្រើន។
ឯកឧត្តមអនុប្រធានទី១ បានចែករំលែកបទពិសោធន៍នៅក្នុងការតស៊ូព្យាយាម ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់លត់ដំអត្តចរិត និងអាកប្បកិរិយាឱ្យសក្តិសមជាពលរដ្ឋល្អ ដើម្បីប្រែក្លាយខ្លួនជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ នាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ពី តួនាទីនិងកាតព្វកិច្ចរបស់ក្មួយៗ ដែលមិនមែនគ្រាន់តែទៅក្រេបជញ្ជក់យកតម្រិះវិជ្ជាប៉ុណ្ណោះទេ តែត្រូវពង្រឹងឆន្ទៈមុះមុតក្នុងការការពារផលប្រយោជន៍ជាតិ ប្រឆាំងរាល់ការឃោសនាអកុសល ដែលធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ឯកភាពជាតិ រួមចំណែកលើកស្ទួយមុខមាត់ កិត្តិយស វប្បធម៌ សិល្បៈប្រពៃណីប្រទេសជាតិ នៅក្នុងប្រទេសម្ចាស់ផ្ទះជាមិត្ត។
ជាទីបញ្ចប់ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា តាងនាមឱ្យសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជូនពរនិស្សិតទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ ៕
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន