ឯកឧត្តម អ៊ុច បូររិទ្ធ អនុញ្ញាតឱ្យគណៈប្រតិភូតំណាងស្ថាប័នអប់រំ   បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃប្រទេសអូស្ត្រាលី និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នៅថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាតឱ្យគណៈប្រតិភូតំណាងស្ថាប័នអប់រំ   បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៃប្រទេស អូស្ត្រាលី ដឹកនាំដោយលោក Jianming CHEN, នាយកប្រតិបត្តិនៃវិទ្យាស្ថាន Construction Training Australia (CTA) of Australian National Institute of Business and Technology (ANIBT) និងលោក   ឈុន ​ឡេង ស្ថាបនិក និងអគ្គនាយក នៃវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (e-School Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែលជាការរួមចំណែកដល់ការអប់រំបំពាក់បំប៉នសិស្សនិស្សិតកម្ពុជានូវមុខជំនាញ និងការអនុវត្តផ្ទាល់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ នៅក្នុងទិសដៅនេះ ឯកឧត្តមបានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានផ្តួចផ្តើមឱ្យមានកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន ១.៥ លាននាក់សំដៅលើកកម្ពស់សមត្ថភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ដូចនេះកម្មវិធីដែលស្ថាប័នអប់រំអូស្ត្រាលី សហការជាមួយ e-School Cambodia មានលក្ខណៈស្របគ្នានឹងកម្មវិធីរបស់រាជរដ្ឋាភិបាលជាពិសេស យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។ ជាមួយគ្នានេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអូស្រ្តាលី ក្នុងការកសាង ការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។
ជាការឆ្លើយតប លោក Jianming CHEN បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបនេះ។ លោក Jianming CHEN បានជម្រាបជូនពីការនាំយកស្តង់ដារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់អូស្ត្រាលីមកកាន់កម្ពុជា លើជំនាញសំខាន់ៗរួមមាន ជំនាញថែទាំមនុស្សចាស់ បដិសណ្ឋារកិច្ច ពាណិជ្ជកម្ម និងការសាងសង់ ជាដើម។ លោក CHEN បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា វិទ្យាស្ថានរបស់លោក នឹងនាំមកកម្ពុជានូវការអនុវត្តជាក់ស្តែងដ៏ល្អ ព្រមទាំងគោលនយោបាយ និងស្តង់ដានៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងនៅក្នុងសាលារៀន ហើយសង្ឃឹមថានឹងផ្សព្វផ្សាយទៅកាន់សាធារណជនទូទៅផងដែរ ជាពិសេសគឺការបណ្តុះបណ្តាលជំនាញគ្រឹះទាំងនោះដល់យុវជននៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ តំណាង e-School Cambodia ក៏បានជម្រាបជូនអំពីលទ្ធផល និងទិសដៅការងារសំខាន់ ស្តីពីការ  បណ្តុះបណ្តាលជំនាញ និងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅរាជធានីភ្នំពេញ និងខេត្តគោលដៅ និង      ការផ្តល់អាហារូបករណ៍ពិសេសជូនព្រឹទ្ធសភា ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងសម្របសម្រួលស្វែងរកការងារធ្វើជូននិស្សិតនៅក្នុងអូស្ត្រាលីផងដែរ។
ទីបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រចំពោះគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះ និងបន្តខិតខំអនុវត្ត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់បំផុតនៃការអនុវត្តគម្រោង ដើម្បីជាប្រយោជន៍ពិតប្រាកដដល់សិស្ស-និស្សិត មន្ត្រីរាជការ និងសម្រាប់អនាគតប្រទេសជាតិ៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត័មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ