ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ការផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន App NoDrug និងច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា» លើកទី១១
 
ចែករំលែក ៖

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ការផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន App NoDrug និងច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា» លើកទី១១ ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ។
គោលបំណងសំខាន់នៃអង្គសិក្ខាសាលា គឺ៖ ១.បង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ២.ជំរុញការទាញយក និងប្រើប្រាស់កម្មវិធី App NoDrug ឱ្យបានទូលំទូលាយ និងទី៣.ផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់គ្រប់ស្រទាប់មហាជន។
នាឱកាសនោះ ឯកឧត្តម សមាជិកព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តព្រះសីហនុ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សា CCCN ដែលបានសហការគ្នារៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។ សិក្ខាសាលានេះ ពិតជាបានឆ្លើយតបយ៉ាងសកម្មទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន មិនត្រឹមតែបំផ្លាញអនាគតយុវជនដែលជាសសរទ្រូងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កវិនាសកម្មដល់ក្រុមគ្រួសារ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមទាំងមូលផងដែរ។ ក្នុងន័យនេះ ការចូលរួមពី «វិស័យអន្តរសាសនា» គឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុត ក្នុងការអប់រំសីលធម៌ ចរិយាធម៌ និងការបញ្ជ្រាបការយល់ដឹងដល់ពុទ្ធបរិស័ទ សាសនិកជន និងប្រជាពលរដ្ឋទូទៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន។ សាសនាបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អ ដូច្នេះការប្រើប្រាស់បណ្តាញសាសនាជាយន្តការអប់រំ គឺជាការដើរត្រូវទិសដៅបំផុត។ ជាមួយគ្នានេះ ក្នុងយុគសម័យឌីជីថល គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតកម្មវិធី App NoDrug ដែលជាឧបករណ៍ដ៏ទំនើបមួយ ក្នុងការផ្តល់ព័ត៌មាន អប់រំ និងជាប្រព័ន្ធរាយការណ៍ដ៏មានប្រសិទ្ធភាព។

សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ