









នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានចាប់ពីប្រធាននាយកដ្ឋានឡើង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាលេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ជាការបាត់បង់នូវឥស្សរជនឆ្នើម១រូបរបស់ជាតិ ដែលបន្សល់ទុកនូវស្នាដៃជាច្រើន ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា ក្នុងខែសីហា ឆ្នាំ២០២៦នេះ ព្រឹទ្ធសភាបានសម្រេចបាននូវការរៀបចំព្រឹត្តិការណ៍ និងកិច្ចសំខាន់ៗ មានដូចខាងក្រោម៖
១-ព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
២-រៀបចំប្រកបដោយភាពជោគជ័យនូវសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) កាលពីថ្ងៃទី២៦-២៨ ខែសីហា ថ្មីៗនេះដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ការណ៍នេះ បានបញ្ជាក់ឱ្យឃើញពីសមត្ថភាព ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសហការីទាំងអស់ ដែលបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។
បន្ថែមទៀត ឯកឧត្តម បានលើកឡើងនូវទិសដៅការងារបន្ត ដូចខាងក្រោម៖
១-ការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចនៅក្រៅប្រទេស និងចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (153rd IPU Assembly)។
២-ការត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន