ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា
 
ចែករំលែក ៖

នារព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Eldin Hunaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជ។ នៅក្នុងឱកាសនោះឯកឧត្តម ឆាយ វណ្ណា បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតបត្តិការ និងចំណងការទូត រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសម៉ាឡេស៊ី ដែលត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ ក្នុងនោះប្រទេសទាំងពីរមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត។
ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសនៃសមាជិកសហភាពអន្តរសភា IPU តែងតែផ្តល់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅលើពិភពលោក។ តាមរយៈឯកឧត្តម ឯកអគ្គរាជទូត ព្រឹទ្ធសភាកម្ពុជាសង្ឃឹមថាចំណងមិត្តភាព សហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តម ឆាយ វណ្ណា ដែលបានអញ្ជើញជួបពិភាក្សាការងារនាឱកាសនេះ។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ឯកឧត្តមនឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត។
ឯកឧត្តមឯកអគ្គរាជទូតបានកត់សំគាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមបានអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងល្អ និងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើនគួរជាទីមោទនៈ។
ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថា កិច្ចទំនាក់ទំនងសេដ្ឋកិច្ច និងបញ្ហាប្រទេសសមាជិកអាស៊ាន ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី មានការកើនឡើងជាលំដាប់ ហើយរំពឹងថានឹងរឹតបណ្តឹងចំណងសេដ្ឋកិច្ចទ្វេភាគីបន្លែមទៀតលើវិស័យដទៃទៀត ស្របតាមផែនការសហមារណកម្ម សេដ្ឋ កិច្ចអាស៊ាន។ កំណើននេះធ្វើឱ្យម៉ាឡេស៊ីក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់ ក្នុងចំណោមប្រទេសជាដៃគូដទៃទៀតរបស់កម្ពុជា។ កាលពីចុងឆ្នាំ២០០០ ប្រទេសទាំងពីរបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការរួមមួយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនៅខែកញ្ញា ឆ្នាំ២០១៥ ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញអភិវឌ្ឍន៍បច្ចេកវិទ្យា ផលិតផល សេវាកម្ម ពាណិជ្ជកម្ម និងទីផ្សា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ