ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញសម្ពោធអគារទីចាត់ការ និងអគារសិក្សាថ្មី នៅសាលាបឋមសិក្សាព្រែកតារាត់
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការចំនួន០១ខ្នង និងអគារសិក្សាថ្មីចំនួន០១ខ្នង នៅសាលាបឋមសិក្សាព្រែកតារាត់ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អគារសិក្សាថ្មីនេះមានចំនួន ១ខ្នង កម្ពស់១ជាន់ មាន ៦បន្ទប់ ធ្វើអំពីឥដ្ឋប្រក់ក្បឿង ចាប់ផ្តើមសាងសង់នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ចប់សាងសង់នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងបំពាក់តុ កៅអី ក្តារខៀន និងកន្លែងក្មេងលេង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងអង្គការស្ពានកម្ពុជា-ហូឡង់។ ដោយឡែកអគារទីចាត់ការចំនួន ១ខ្នង កម្ពស់១ជាន់ មាន ០៣បន្ទប់ ធ្វើអំពីឥដ្ឋប្រក់ក្បឿង បានសាងសង់រួចរាល់នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ ព្រមទាំងបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ក្នុងបរិវេណសាលារៀន ជាអំណោយរបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ក៏បានឧបត្ថម្ភថវិកាជូនដល់សាលាបឋមសិក្សាព្រែកតារាត់ចំនួន៤លានរៀល លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ព្រមទាំងសារុងចំនួន០១ និងសិស្សានុសិស្សចំនួន៤០៦ នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ០២ក្បាល និងប៊ិច ចំនួន០២ដើម៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ