ដើម្បីរួមគ្នាពិនិត្យវាយតម្លៃលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើកទិសដៅការងារជាអាទិភាពបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
 
ចែករំលែក ៖

ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥:១០នាទី បន្តអនុវត្តប្រតិទិនការងារនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដោយមានការចូលរួមជាមួយលោកមេភូមិទាំង១៣ ដើម្បីរួមគ្នាពិនិត្យវាយតម្លៃលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើកទិសដៅការងារជាអាទិភាពបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១។ ឯកឧត្តម បានសម្តែងការកោតសរសើរលើការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អទាន់ពេល និងបានសំណូមពរលើកទឹកចិត្តលើការងារជាអាទិភាពចំពោះមុខ រួមមាន៖
-បន្តយកចិត្តទុកដាក់បំផុសបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ និងបង្កលក្ខណៈឲ្យកូនក្មួយ និងចៅៗ បានទៅចាក់វ៉ាក់សាំងដូសជម្រុញ នៅមណ្ឌលសុខភាពខណ្ឌទួលគោក
-បន្តរៀបចំក្រុមការងារស្រង់ស្ថិតិអ្នកគ្រប់អាយុ១៨ឆ្នាំ សម្រាប់ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅខែតុលា ឆ្នាំ២០២២ ព្រមជាមួយនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាទ្រទ្រង់ថែទាំសុខភាពមនុស្សចាស់ និងសម្ភារៈការិយាល័យចាំបាច់មួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ