គណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រៀបចំពិធី អបអរសាទរខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) និងក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សហការជាមួយនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបលើកទី៧៤នៃទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដោយមានការអញ្ជើញចូលរួមកិត្តិយសពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សមកពីសាលាបឋមសិក្សាពូឡា និងសាលាបឋមសិក្សាចុងរ៉ាង សរុបចំនួន៣២០នាក់ នៅសាលាបឋមសិក្សាពូឡា ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូអាំង ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានចែកជូនវត្ថុអនុស្សាវរីយ៍ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី សៀវភៅរដ្ឋធម្មនុញ្ញ និងថវិកាមួយចំនួនដល់នាយកសាលាបឋមសិក្សាពូឡា និងសាលាបឋមសិក្សាចុងរ៉ាង ព្រមទាំងតំណាងក្រុមសម្ដែងសិល្បៈ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ដែលបានចូលរួម ព្រមទាំងថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រកបដោយភាពស្និទ្ធស្នាលផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ