ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១៥៥៧ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ចំរើន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ ចំរើន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន និងអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
ក្នុងបរិយាកាសដ៏ស្និតស្នាលនោះ ឯកឧត្តម ប្រាក់ ចំរើន បានចែកសារុងជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ។
ក្រៅពីពិធីបើកការដ្ឋាន ឯកឧត្តម ប្រាក់ ចំរើន ក៏បានអញ្ជើញចុះទៅពិនិត្យផ្លូវបេតុងដែលបានសាងសង់រួច មានប្រវែង១,០៧២ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ខេត្តកណ្តាល។
ការកសាងផ្លូវចំនួនពីរខ្សែរខាងលើនេះ ត្រូវបានឯកឧត្តម ប្រាក់ ចំរើន ចូលរួមឧបត្ថមថវិកាចំនួន២៤លានរៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ