គណៈកម្មការទី៩ ព្រឹទ្ធសភា បានប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ជាមួយតំណាងរាជរដ្ឋាភិបាល
 
ចែករំលែក ៖

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់្រជុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៧ជំពូក និង២៥៧មាត្រា មានគោលបំណង៖
-ជំរុញការធ្វើសមាហរណកម្មនិងពិពិធកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយអនុលោមតាមច្បាប់
ពាណិជ្ជកម្មអន្តរជាតិ។
-ជំរុញការបំពេញបន្ថែមនូវថាមវន្តក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ស្របតាមឯកទេសភាវូបនីយកម្មនិងសក្តានុពលដែលមានស្រាប់រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម តាមរយៈការបង្កើតនូវបរិយាកាសអំណោយផល សុវត្ថិភាព និងភាពអាចប៉ាន់ប្រមាណបាន សម្រាប់
ជំរុញនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
-លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការអនុវត្តនូវវិធានពាណិជ្ជកម្ម និងវិនិយោគរបស់ភាគីទាំងពីរនិងការជំរុញនវានុវត្តន៍លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
-បង្កើតជាក្របខ័ណ្ឌសម្រាប់ពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងលើកកម្ពស់កាលានុវត្តភាពថ្មីសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មនិងទាក់ទាញការវិនិយោគ សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក។
-ចូលរួមបង្កើនផលិតភាព គុណភាព និងលើកកម្ពស់ការប្រកួតប្រជែង សម្រាប់ផលិតផលទំនិញនិងសេវា តាមរយៈការផ្តល់ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម។
-ជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារថ្មីៗ ពិសេសទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិក។
-ចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ភាពធន់ បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ