សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មី ប្រចាំប្រទេសចិន ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់លោកជំទាវបណ្ឌិតត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជាយើង។
ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី បានប្តេជ្ញានៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភាថានឹងខិតខំបំពេញភារកិច្ចការទូតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យបានសក្តិសមជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ និងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតប្រទេសផ្សេងៗ ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរឱ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខ័ណ្ឌតំបន់ និងលើពិភពលោក៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ