សម្តេចតេជោ ដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដើម្បីពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ឡើងរាយការណ៍ជូនអង្គប្រជុំជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ខាងលើនេះ។
ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
មុននឹងបញ្ចប់អង្គប្រជុំ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានយកឱកាសនោះចូលរួមរំលែកទុក្ខ និងសម្តែងនូវការស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយនឹងរាជរដ្ឋាភិបាល និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់កន្លងទៅនេះ។ ទន្ទឹមគ្នានោះ សម្តេចក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ដឹកនាំ និងមន្ត្រីខេត្តពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកទាំងពីររូប។ នេះជាសក្ខីភាពអំពីការយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិយើងក្នុងការដោះស្រាយឧបទ្ទវហេតុដែលកើតមានឡើង ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ