ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងចុះអនុស្សរណៈ សាងសង់អគារសិក្សា នៅសាលាបឋមសិក្សាក្រចាប ខេត្តព្រៃវែង
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម អ៊ុ សារឹទ្ធ និង ឯកឧត្តម គង់ មុនីកា សមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងចុះអនុស្សរណៈសាងសង់អគារសិក្សាចំនួន ១ខ្នង មានចំនួន ៥បន្ទប់ នៅសាលាបឋមសិក្សាក្រចាប ស្ថិតក្នុងភូមិក្រចាបទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាអំណោយរបស់សមាគមមូលនិធិទូទៅដើម្បីសុខុមាលភាពជាតិនិងជួយគ្នាទៅវិញទៅមក (General Foundation National Welfare and Mutual Aide Association) របស់ជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីសម្តេចតេជោ នៅជានាយករដ្ឋមន្រ្តី បានដាក់អាទិភាព «មនុស្ស ផ្លូវ ទឹក និងភ្លើង» ក្នុងការអភិវឌ្ឍប្រទេស ដែលផ្តោតសំខាន់លើការកសាងមូលធនមនុស្សកម្ពុជាឱ្យកាន់តែច្រើន។ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តចក្ខុវិស័យ មនុស្ស ផ្លូវ ទឹក ភ្លើង ដដែល និងបន្ថែម បច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត បានចែករំលែកទស្សនវិស័យផ្ទាល់របស់ឯកឧត្តម ក្នុងការកសាងមូលធនមនុស្ស និងការអភិវឌ្ឍរយៈពេលវែង គប្បីយកចិត្តទុកដាក់លើកត្តាពីរសំខាន់ គឺសុខភាព និងអប់រំ ដោយឈរលើមូលដ្ឋាន «សុខភាពត្រូវការអាហារូបត្ថម្ភ អប់រំត្រូវការអង់គ្លេស»។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតបានឧបត្ថម្ភទូរទស្សន៍ចំនួន១គ្រឿង ថវិកា និងសម្ភារៈសិក្សាដល់ អាណាព្យាបាល និងសិស្សានុសិស្សប្រមាណ ៧០០នាក់។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ