ឯកឧត្តម ទេព យុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី៨ មីនា នៅមន្ទីរកិច្ចការនារីខេត្តកែប
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា នៅមន្ទីរកិច្ចការនារីខេត្តកែប។ ដោយមានការចូលរួមពីលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្តកែប លោកស្រីប្រធានសាខាមូលនិធិជាតិជំនួយសង្គម ប្រធាន អនុប្រធាន និង មន្ត្រីមន្ទីរកិច្ចការនារីខេត្ត បុគ្គលិកសុខាភិបាលជានារី នៃមន្ទីរពេទ្យបង្អែកខេត្ត និងមន្ត្រីជានារី ឃុំ សង្កាត់ និងភូមិ នៅក្នុងខេត្តកែប សរុបមានចំនួន៨៦នាក់។
ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម បានពាំនាំការផ្ដាំសួរសុខទុក្ខ និង ការជូនពររបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តម អនុប្រធានទី១ និងឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ស្ត្រី និង កុមារទាំងអស់រស់នៅក្នុងខេត្តកែប ព្រមទាំងបានជម្រាបជូនអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច មុខងារ របស់ព្រឹទ្ធសភា។ ជាពិសេសបានលើកបង្ហាញអំពីសមិទ្ធិផលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះផ្តោតជាសំខាន់នូវសមិទ្ធិផលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា។
មុននឹងបញ្ចប់មតិសំណេះសំណាល ឯកឧត្តមបានសំណូមពរឱ្យមានការរួបរួមសាមគ្គីភាពគ្នា ថែរក្សាសុខសន្តិភាពឱ្យបានរឹងមាំ និង ស្ថិតស្ថេរ, បន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព សេវាសាធារណៈឱ្យបានល្អប្រសើរ, បន្តលើកកម្ពស់ការថែទាំសុខភាព ជូនប្រជាពលរដ្ឋ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ, ជំរុញការធ្វើបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យា នៅក្នុងសកលលោក។
ជាចុងបញ្ចប់ ឯកឧត្តម បានជូននូវវត្ថុអនុស្សាវរីយ៍ជាក្រណាត់អាវប៉ាក់ ក្នុងម្នាក់ៗមួយអាវ និងថវិកាចំនួន២០ ០០០រៀល។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ